• +855 (0) 88 674 9999
  • info@opirealty.com.kh

រាជរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពគន្លឹះ

Posted By: Proeun That on 02-08-2022

រាជរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញទាក់ទាញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប
(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសដាក់ចេញយន្តការអនុវត្តការងារ និងផែនការសកម្មភាពគន្លឹះសំខាន់ៗ ដែលចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិបង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញ។
គួរជម្រាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលក៏បានអនុម័តនូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» រួចមកហើយ ជាមួយគ្នាក៏បានសម្រេចគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។
នៅថ្ងៃនេះដែរក៏មានការប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (តាមរយៈវីដេអូ Zoom) ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ទ.ស. ព្រមទាំងការចូលរួមតាមរយៈវីដេអូ Zoom ពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាននៃ គ.អ.ទ.ស.។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនអង្គប្រជុំអំពីយន្តការការងារនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) សំដៅទ្រទ្រង់ការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលមានដូចខាងក្រោម៖
ទី១. គណៈប្រតិបត្តិជាសេនាធិការប្រចាំការ ដើម្បីដឹកនាំការអនុវត្តបទបញ្ជា និងការណែនាំនានារបស់ប្រធាន គ.អ.ទ.ស. ពិសេសដឹកនាំនិងសម្របសម្រួលការអនុវត្តផែនការសកម្មភាពនៃផែនការមេ។
ទី២. អនុគណៈកម្មការចំនួន៥ រួមមាន៖
* អនុគណៈកម្មការអភិវឌ្ឍន៍ផលិតផលទេសចរណ៍
* អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍
* អនុគណៈកម្មការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍
* អនុគណៈកម្មការគ្រប់គ្រងបរិស្ថាន
* អនុគណៈកម្មការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់។
ទី៣. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក សម្រាប់តំបន់អាទិភាពទាំង៦ រួមមាន៖
* តំបន់ឧទ្យានជាតិភ្នំគូលែន
* តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
* តំបន់បេតិកភណ្ឌអង្គរ
* តំបន់ក្រុងសៀមរាប
* តំបន់បឹងទន្លេសាប
* តំបន់ទេសចរណ៍សៀមរាបថ្មី។
ទី៤. លេខាធិការដ្ឋាន ដើម្បីសម្របសម្រួលអនុវត្តរាល់សកម្មភាពការងារប្រចាំថ្ងៃរបស់ គ.អ.ទ.ស.។
ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបអំពីទិសដៅសម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អនៅតាមតំបន់អាទិភាពទាំង៦ ពង្រឹងគុណភាពសេវាឱ្យបានល្អប្រសើរ និងរៀបចំកញ្ចប់ទស្សនកិច្ចជាមួយតម្លៃសមរម្យមកកាន់ខេត្តសៀមរាប ទាំងសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023)។
ជាមួយគ្នានោះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស. បានគាំទ្រការរៀបចំនូវយន្តការអនុវត្តការងារចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងបានប្រកាសជាផ្លូវការនូវសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដែលត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កន្លងទៅ, សមាសភាពគណៈប្រតិបត្តិ, សមាសភាពអនុគណៈកម្មការ, សមាសភាពលេខាធិការដ្ឋាន ព្រមទាំងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMO) សម្រាប់តំបន់អាទិភាពទាំង៦ រួមមាន៖
១. តំបន់ឧទ្យានជាតិភ្នំគូលែន ត្រូវដឹកនាំដោយក្រសួងបរិស្ថាន
២. តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប
៣. តំបន់បេតិកភណ្ឌអង្គរ ជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា
៤. តំបន់ក្រុងសៀមរាប ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប
៥. តំបន់បឹងទន្លេសាប ត្រូវដឹកនាំដោយគ្រឹះស្ថានអង្គរ
៦. តំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវដឹកនាំដោយក្រសួងទេសចរណ៍។
ទន្ទឹមនឹងការប្រកាសដាក់ឱ្យអនុវត្ត «ផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២២-២០២៣» នេះ ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ក្រសួង-ស្ថាប័នពាក់ព័ន្ធចំណុះឱ្យយន្តការនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចូលរួមអនុវត្តតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាឱកាសពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។
ទី២. បន្តអភិវឌ្ឍកំពង់ផែចុងឃ្នាស ឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ និងត្រូវសិក្សារៀបចំប្លង់ និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នាស សម្រាប់រយៈពេលខ្លី មធ្យម និងវែង។
ទី៣. ក្រសួងទេសចរណ៍ត្រូវសិក្សា កំណត់ទីតាំង និងអភិវឌ្ឍតំបន់ទេសចរណ៍សៀមរាបថ្មី។
ទី៤. គណៈប្រតិបត្តិត្រូវរៀបចំគម្រោងថវិកាសម្រាប់ ឆ្នាំ ២០២២-២០២៣ ដើម្បីជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច។
ទី៥. អនុគណៈកម្មការទាំង៥ ដែលទើបត្រូវបានបង្កើតឡើង ត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួន និងសហការជាមួយលេខាធិការដ្ឋាន ដើម្បីអនុវត្តផែនការសកម្មភាពរបស់ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។
ទី៦. លេខាធិការដ្ឋានត្រូវរៀបចំវគ្គបណ្តុះបណ្តាលអំពី ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ ដល់ភាគីពាក់ព័ន្ធ ពិសេសអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន និងសហគមន៍ពាក់ព័ន្ធ។
ទី៧. អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍នៃគណៈប្រតិបត្តិ ត្រូវពិភាក្សា និងសហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបដោយឡែកមួយ ឱ្យបានរហ័សស្របតាមមាគ៌ាចង្អុលផ្លូវដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។
ទី៨. បន្តពង្រឹងលក្ខណសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈ៖
* ការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅ ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ នៅក្នុងតំបន់អាទិភាពទាំង៦ និងជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល
* ការពន្លឿនការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនសមត្ថភាពផ្ទុក សម្រាប់អ្នកដំណើរតាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប
* លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍក្រុងសៀមរាប និងតំបន់អាទិភាពទាំងអស់ ជាក្រុងទេសចរណ៍ឆ្លាត និងគោលដៅទេសចរណ៍ឆ្លាត និង
* រដ្ឋបាលខេត្តសៀមរាប ត្រូវរៀបចំសណ្តាប់ធ្នាប់ សម្អាត និងថែរក្សាអនាម័យក្នុងក្រុង ទីប្រជុំជន និងតាមគោលដៅទេសចរណ៍ ឱ្យបានល្អប្រសើរ។
ទី៩. បន្តពង្រឹងគុណភាព និងវិសាលភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិត នៅខេត្តសៀមរាប ពិសេសនៅតាមតំបន់អាទិភាព និងគោលដៅទេសចរណ៍ដាច់ស្រយាល ដើម្បីជំរុញរំហូរទេសចរជាតិ និងទាក់ទាញទេសចរអន្តរជាតិបន្ថែម។
ទី១០. គ្រឹះស្ថានអង្គរបន្តសិក្សា និងដាក់ចេញគោលនយោបាយសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
ទី១១. គណៈប្រតិបត្តិ ត្រូវសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញកញ្ចប់ទស្សនកិច្ចពិសេស ដែលមានការសម្រួលថ្លៃ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ (Visit Cambodia Year 2023)។
បើតាមឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាអនុប្រធានប្រចាំការនៃ គណៈប្រតិបត្តិ នៃគ.អ.ទ.ស. ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទទួលបានទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា ១ ០២៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងប្រមាណជាង១លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជើងហោះហើរមកកាន់ខេត្តសៀមរាបមានចំនួន៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ខេត្តសៀមរាបនឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក១/៤នៃភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃក្នុងជាង២លាននាក់នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ៤លាននាក់នៅក្នុងឆ្នាំ២០២៣។
គួរជម្រាបថា រាជរដ្ឋាភិបាលបានផ្តល់គោលនយោបាយលើកទឹកចិត្តសម្រាប់ការទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដោយបន្ថែមចំនួនថ្ងៃចូលទស្សនា ក្នុងនោះ៖
* ទិញបណ្ណប្រភេទ ១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ, សុពលភាពរយៈពេល៥ថ្ងៃ
* ទិញបណ្ណប្រភេទ ៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ សុពលភាពរយៈពេល១០ថ្ងៃ
* ទិញបណ្ណប្រភេទ ៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល ១០ថ្ងៃ សុពលភាពរយៈពេល១ខែ។ សម្រាប់អ្នកវិនិយោគនៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរបានដោយមិនចាំបាច់ទិញសំបុត្រឡើយ៕ ប្រភព៖ https://www.facebook.com/cambodia.tourism.ministry